អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ ស្នើប្រជាកសិករ ធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង
កំពង់ចាម៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជន និងបងប្អូនប្រជាកសិករអោយធ្វើការ ពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបាន តាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
ក្នុងឱកាសអញ្ជើញចូលជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយយុវជន និងប្រជាកសិករ ក្នុងស្រុកព្រៃឈរ ផ្សារភ្ជាប់ជាមួយវិស័យកសិកម្ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពី រដ្ឋបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកកៅ ថាច បានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗ មួយចំនួនអំពីបច្ចេកទេសនៃការដាំដុះបន្លែ ការចិញ្ចឹមសត្វ និងធ្វើការប្រៀបធៀប អំពីភាពជឿនលឿន នៃវិស័យកសិកម្មនៅបណ្តាលប្រទេសមួយចំនួន ដែលលោកធ្លាប់បានទៅទស្សនៈកិច្ចសិក្សា នាពេលកន្លងមក ជូនដល់បងប្អូនអោយបានជ្រាប។
ផ្អែកលើបទពិសោធន៍នានាដែលលោក កៅ ថាច ធ្លាប់ជួប លោកបានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនជាយុវជននិងបងប្អូនប្រជាកសិករអោយធ្វើការពង្រីកការចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ ដោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាពទីផ្សារ និង ដើម្បីចូលរួម កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ហើយការណ៍នេះនឹងរួមចំណែកដោះស្រាយលើបញ្ហា ទីផ្សារដែលជាកង្វល់របស់បងប្អូនកសិករផងដែរ។ ទន្ទឹមនេះ បងប្អូនប្រជាកសិករ ក្នុងករណីមានតម្រូវការឥណទាន អាចធ្វើការទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។