ហេតុអ្វី​ឱ្យតែដល់រដូវចូលឆ្នាំខ្មែរ គេតែងសម្តែងរបាំត្រុដិ?
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី របាំនេះ គឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។   តាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សសេរចងក្រងថា ពាក្យ «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតដែលប្រែថា «ផ្តាច់ ឬកាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» ជាប់រហូតសព្វថ្ងៃ ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗមែន ប៉ុន្តែតាមទម្លាប់់របស់អ្នកស្រុកជួនកាលគេលេងរបាំនេះនៅពេលប្រារព្ធពិធីសុំទឹកភ្លៀងនៅគ្រាដែលស្រុកទេសរាំងស្ងួតជាច្រើនថ្ងៃខែ ម្តងៗដែរ ។ របាំត្រុដិនេះ ជារបាំប្រជាប្រិយមួយបែបដែលសព្វថ្ងៃនេះគេឃើញមាននៅតែក្នុងខេត្តសៀមរាប ហើយជួនកាលគេឃើញនៅខេត្តបាត់ដំបងខ្លះដែរត្រង់ភូមិភាគណាដែលនៅជាប់នឹងខេត្តសៀមរាបនោះឯង ។ មិនតែប៉ុណ្ណោះមានព័ត៌មានខ្លះបានបញ្ជាក់ថា របាំត្រុដិសេសសល់នៅជាមួយមនុស្សជាន់ដើម ពួកដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងពីដែនដីនេះពុំទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ គឺត្រកូលមនុស្សមួយពួកនៅក្នុងប្រទេសយើងដែលអ្នកស្រុកហៅថា «សំរែ» ដែលសព្វថ្ងៃច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាបនេះឯង ។កាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំគ្នាទៅលេងថ្វាយព្រះរាជានៅរៀងរាល់ពេលបុណ្យចូលឆ្នាំដើម្បីថ្វាយព្រះពរសួស្តី សិរីមង្គល ។ ហេតុនេះហើយបានជាមានទម្លាប់លេងតែនៅពេលចូលឆ្នាំរហូតដល់ឥឡូវ ហើយមានតែនៅក្នុងខេត្តសៀមរាបដែលជិតរាជធានីចាស់ប៉ុណ្ណោះ ។ ចំពោះប្រដាប់ប្រដាដែលត្រូវលេងនៅក្នុងពិធីនេះ តាមធម្មតាវង់របាំត្រុដិ មានក្រុមតូចក្រុមធំយោលទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង។ ចំណែកប្រដាប់ប្រដាទាំងនោះទៀតសោត ក៏និយមទៅតាមនោះដែរ។ ប្រដាប់ប្រដាដែលត្រូវយកមកលេងក្នុងពិធីនេះមានដូចជា កញ្ឆា ចង្ក្រង់ដំបែ ចង្ក្រង់រ៉ូង ស្គរ ប៉ីពក ទ្រអ៊ូ ទ្រសោ សន្ទូចជាដើម។ ចំពោះគ្រឿងតុបតែងវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រើស ស្នែងទន្សោង កន្ទុយក្ងោក និងក្រចក។ ចំណែកតួសម្តែង គឺមានក្រុមអ្នកពាក់មុខ ឬ ពាក់ស្នែង ក្រុមតួរាំ និងក្រុមតួបន្ទាប់បន្សំដទៃទៀត។ នៅក្នុងរបាំត្រុដិនេះក៏មានចំរៀងជាច្រើនបទ សំរាប់ច្រៀងនៅក្នុងពេលរាំផងដែរ ដែលមាននៅតាមដំណាក់កាល ដូចជាច្រៀងនៅពេលទៅដល់ ច្រៀងនៅពេលសុំទាន ច្រៀងជញ្ចាត់ប្រាក់ ដែលគេបាចទាននិងច្រៀងឲ្យពរដល់អ្នកដាក់ទាន ។ ជាធម្មតា ក្នុងពេលរាំនៅមុខផ្ទះអ្នកណាម្នាក់តួទាំង៦នាក់ ត្រូវសម្តែងនូវក្បាច់របាំត្រុដិ និង បង្ហាញពីគោល បំំណងជួយដេញស្ទាក់ប្រើស ឱ្យចូលក្នុងគន្លងព្រានដើម្បីជួយព្រានឱ្យដេញបាញ់ប្រើសឱ្យបាន ។ ក្រៅពីនោះ ក៏នៅមានតួអ្នកកាន់កញ្ឆែចាប់ពី២ទៅ៦នាក់ ជាអ្នកគោះបុក ជាចង្វាក់លម្អវង់របាំ និងតំណាងឱ្យព្រៃព្រឹក្សា អារុក្ខ អារក្ស ទេវតា អ្នកតាដែលជួយជ្រោមជ្រែងជួយព័ទ្ធខ្ទប់ស្ទាក់ប្រើសឱ្យព្រានព្រៃបាញ់ដូចគ្នា ។ ទន្ទឹមនោះ របាំត្រុដិក៏មានក្រុមតន្ត្រីករ អ្នកកាន់ស្គរ ទ្រសោ ទ្រអ៊ូ ប៉ី និងអ្នកច្រៀងមួយចំនួនទៀត ។ ចំណែកអាចារ្យដែលស្លៀកសពាក់សបាំងឆត្រម្នាក់ ក៏មានភារកិច្ចដើរតាមវង់របាំ និងត្រួតពិនិត្យមើលបច្ច័យដែលរៃអង្គាសបានដើម្បីឱ្យប្រាកដថា ប្រាក់ដែលទទួលបានទាំងអស់នោះមិនត្រូវយកទៅចាយផ្តេសផ្តាសទេ គឺយកទៅសម្រាប់ជាកុសលក្នុងវត្តអារាមប៉ុណ្ណោះ។ ពេលដែលសម្តែងចប់ម្តងៗ ក្រុមរបាំត្រូវច្រៀងជម្រាបលាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានយកទឹកមកប្រោះព្រំជូនពរដល់ក្រុមរបាំទាំងអស់នោះវិញដែរ ។ ប៉ុន្តែបើយើងមិនធ្វើតាមរបៀបនេះទេគឺជាប្រការខុសឆ្គងមួយដែរ ដែលគេមានជំនឿថាក្នុងឆ្នាំខាងមុខអ្នកនោះនឹងមិនទទួលបានសិរីសួស្តីឡើយ ។ ខាងលើនេះ ជាពិធីនៃរបាំត្រុដិដែលជារបាំប្រពៃណីខ្មែរយើង ។ វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។ របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ៕

គណៈកម្មាធិការ​អូឡាំពិក​ម៉ាឡេស៊ី រីករាយ​ស្វាគមន៍​ភ្លើង​គប់​ស៊ីហ្គេម ​ទោះ​ស្ថិត​ក្នុង​ខែ ​រ៉ម៉ាឌន
ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម ​Datuk Haidin Mohd Amin អនុប្រធានគណៈកម្មាធិការ​អូឡាំពិកម៉ាឡេស៊ី ​បាន​ថ្លែង​ដោយ ក្ដី​សោ​មនស្ស ​រីករាយ​ដែលគណៈកម្មាធិការ​អូឡាំពិក​ម៉ាឡេស៊ី ទទួលស្វាគមន៍​ព្រះ​អគ្គិជ័យ​កីឡា និង​ភ្លើង​គប់​កីឡាស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣​ មកកាន់ប្រទេសម៉ាឡេស៊ី បើទោះបីជា មាន​ការ​លំបាក​ក្នុង​ការ​រៀបចំ​ដោយសារ​ស្ថិត​ក្នុង​ខែ​ រ៉ម៉ាឌន ​ក៏ដោយ។   ពិធីរត់​ភ្លើងគប់​កីឡា​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​ជា​បន្ត​ទៀត នៅ​បរិ​វេណ​ទីស្ដីការក្រសួងយុវជន ​និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយា​នាព្រឹកថ្ងៃទី១១ ​ខែមេសានេះ ដែល​បាន​បញ្ចប់ទៅ ​ប្រកប​ដោយ​ភាព​ជោគជ័យ។ ថ្លែង​មុន​ពិធី​រត់ដង្ហែភ្លើងគប់ ​ចាប់ផ្ដើម​ ឯកឧត្តម អ៊ុក ចាន់ដារ៉ា ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស ម៉ាឡេស៊ី​បាន​មានប្រសាសន៍ស្វាគមន៍ និង​ថ្លែង​អំណរ​គុណ ដល់រាជរដ្ឋាភិបាល​នៃ​ប្រទេស ​ម៉ាឡេស៊ី​ គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី ​គណៈ​កម្មា​ធិការ​ប៉ារ៉ាឡាំពិក​ម៉ាឡេស៊ី សម្រាប់​ការ​គាំទ្រ​យ៉ាង​សកម្ម​ ក្នុង​ការ​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​។ ឯកឧត្តម ​Datuk Haidin Mohd Amin ​អនុ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ម៉ាឡេស៊ី​បញ្ជាក់​ថា​​ជា​ការ​ញាំង​ឱ្យ​ពិធី​រត់​ភ្លើង​គប់ ​កាន់​តែ​មាន​អត្ថន័យ ​គណៈកម្មាធិការ​អូឡាំពិក​ម៉ាឡេស៊ី ​បាន​ចាត់​តាំង​ អត្ត​ពលិក ​ដែល​ជា​អតីតម្ចាស់​មេដាយ​មាស ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​ចាប់តាំងពីឆ្នាំ១៩៨១ ដល់​ឆ្នាំ​២០១៩ ​ចំនួន៨នាក់ ដើម្បីចូលរួម ពិធីរត់ភ្លើងគប់ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែល កម្ពុជា​ត្រូវធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​ផង​ដែរ។ ដោយ​ឡែក ​បេសកជន​ពិសេស​តំណាង​ CAMSOC​ ឯកឧត្តម​ ហោ សារុន ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ ក្នុង​ចំណោម​វិស័យ​នានា​ កីឡាបានដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី។ ​ពិធី​ដង្ហែ ​ព្រះអគ្គិជ័យកីឡា​ថ្ងៃនេះ​បានបង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ និង​ កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​២៕ អត្ថបទ៖ ប្រុស យុទ្ធ