គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី រីករាយស្វាគមន៍ភ្លើងគប់ស៊ីហ្គេម ទោះស្ថិតក្នុងខែ រ៉ម៉ាឌន
ឯកឧត្តម Datuk Haidin Mohd Amin អនុប្រធានគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី បានថ្លែងដោយ ក្ដីសោមនស្ស រីករាយដែលគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី ទទួលស្វាគមន៍ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ មកកាន់ប្រទេសម៉ាឡេស៊ី បើទោះបីជា មានការលំបាកក្នុងការរៀបចំដោយសារស្ថិតក្នុងខែ រ៉ម៉ាឌន ក៏ដោយ។
ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅបរិវេណទីស្ដីការក្រសួងយុវជន និងកីឡាម៉ាឡេស៊ី រដ្ឋធានីពុត្រាចាយានាព្រឹកថ្ងៃទី១១ ខែមេសានេះ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។ ថ្លែងមុនពិធីរត់ដង្ហែភ្លើងគប់ ចាប់ផ្ដើម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ីបានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលនៃប្រទេស ម៉ាឡេស៊ី គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី គណៈកម្មាធិការប៉ារ៉ាឡាំពិកម៉ាឡេស៊ី សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។
ឯកឧត្តម Datuk Haidin Mohd Amin អនុប្រធានគណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ីបញ្ជាក់ថាជាការញាំងឱ្យពិធីរត់ភ្លើងគប់ កាន់តែមានអត្ថន័យ គណៈកម្មាធិការអូឡាំពិកម៉ាឡេស៊ី បានចាត់តាំង អត្តពលិក ដែលជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០១៩ ចំនួន៨នាក់ ដើម្បីចូលរួម ពិធីរត់ភ្លើងគប់ ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែល កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះផងដែរ។
ដោយឡែក បេសកជនពិសេសតំណាង CAMSOC ឯកឧត្តម ហោ សារុន ក៏បានមានប្រសាសន៍ដែរថា ក្នុងចំណោមវិស័យនានា កីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី។ ពិធីដង្ហែ ព្រះអគ្គិជ័យកីឡាថ្ងៃនេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២៕